លក្ខន្តិកៈ

បុព្វកថា

ប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងកសាងសង្គមប្រជាធិបតេយ្យឡើងវិញ ចាប់តាំងពីឆ្នាំ១៩៩៣ ដោយឈរនៅលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ដំណើរការកសាងប្រជាធិបតេយ្យ នៅមានបញ្ហាប្រឈមច្រើន ដោយសារអ្នកនយោបាយខ្មែរ នៅមានចរិតនិយមអំណាច បញ្ជាពីលើមកក្រោម ទាំងក្នុងការដឹកនាំរដ្ឋ ក៏ដូចជាការដឹកនាំគណបក្សនយោបាយ។ ប្រជាពលរដ្ឋមិនបានទទួលការពន្យល់អប់រំ ឱ្យយល់ដឹងច្បាស់អំពីគោលគំនិត គោលការណ៍ ក៏ដូចជារូបរាងពិតប្រាកដរបស់ប្រជាធិបតេយ្យឡើយ។

ដោយហេតុនេះហើយ ទើបមានការផ្តួចផ្តើមគំនិតពីក្រុមបញ្ញវន្ត ធ្វើការសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់ជាមួយនឹងតួអង្គពាក់ព័ន្ធ ជាពិសេសជាមួយនឹងតំណាងប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងឃុំមួយចំនួន ដើម្បីចងក្រងឯកសារ និងផ្សព្វផ្សាយអំពីគោលគំនិត គោលការណ៍ និងប្រព័ន្ធប្រជាធិបតេយ្យ។ ជាលទ្ធផល មានការចងក្រងបង្កើត «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន» ដែលមានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងពីក្រោមមកលើ សមាជិកមានភាពជាម្ចាស់ និងបណ្តុះបណ្ដាលអ្នកដឹកនាំបែបប្រជាធិបតេយ្យជាច្រើននៅតាមមូលដ្ឋាន និងតាមវិស័យ ក្នុងគោលបំណងរួមចំណែកកសាងសង្គមប្រជាធិបតេយ្យដ៏ពិតប្រាកដ និងល្អប្រពៃមួយ ដែលប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យពេញលេញ។

ជំពូកទី ១ ៖ ឈ្មោះ សញ្ញាសម្គាល់ ថ្ងៃបង្កើត និងទីស្នាក់ការ

ប្រការ ១ .-
គណបក្សនយោបាយនេះមានឈ្មោះថា “គណបក្សប្រជាធិបតេយ្យមូលដ្ឋាន” ជាភាសាអង់គ្លេស “Grassroots Democratic Party” សរសេរអក្សរកាត់ជាភាសាខ្មែរ “គ.ប.ម.” និងជាភាសាអង់គ្លេស “GDP”។

ប្រការ ២ .-
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានសញ្ញាសម្គាល់ត្រីកោណ តំណាងឱ្យ ប្រជាធិបតេយ្យពីក្រោមមកលើ យកមូលដ្ឋានជាធំ ដែលមានផ្ទៃខាងក្នុងពណ៌បៃតង ជ្រុងបាតពណ៌ក្រហម ជ្រុងទាំងសងខាងពណ៌ខៀវ និងអក្សរ “គ ប ម” ពណ៌សនៅចំកណ្តាលផ្ទៃទាំងមូល។ ពណ៌បៃតង តំណាងឱ្យ “ធម្មជាតិ កសិកម្ម និងប្រជាធិបតេយ្យមូលដ្ឋាន”, ពណ៌ក្រហម តំណាងឱ្យ “ការតស៊ូ ព្យាយាម និងយុត្តិធម៌”, ពណ៌ខៀវ តំណាងឱ្យ “សិទ្ធិ សេរីភាព និងច្បាប់”, ពណ៌ស តំណាងឱ្យ “តម្លាភាព ស្មោះត្រង់ និងសុចរិតភាព”។

ប្រការ ៣ .-
បាវចនា និងគុណតម្លៃរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺ សាមគ្គីភាព យុត្តិធម៌ អហិង្សា។

ប្រការ ៤ .-
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កំណត់យកថ្ងៃបង្កើតគណបក្សជាផ្លូវការ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ជាថ្ងៃដែលអ្នកស្រលាញ់ប្រជាធិបតេយ្យបែបវិមជ្ឈការ មកពីឃុំ-សង្កាត់ចំនួន១០ និងបណ្តាញសង្គមខ្មែរដើម្បីខ្មែរ បានផ្ដួចផ្តើមគំនិតបង្កើតគណបក្សនយោបាយមួយ តាមរយៈសមាជដំបូង ដើម្បីអនុម័តលើឯកសារគោល និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ បណ្តោះអាសន្ន។

ប្រការ ៥ .-
ទីស្នាក់ការកណ្តាលគណបក្សប្រជាធិបតេយមូលដ្ឋាន តាំងនៅផ្ទះលេខ៣៨, ផ្លូវ១៩៧២, ភូមិពោងពាយ, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ។ ទីស្នាក់ការនេះអាចផ្លាស់ប្ដូរទៅតាំងនៅទីកន្លែងផ្សេងទៀតបាន តាមការសម្រេចរបស់គណៈកម្មាធិការនាយក។

គណបក្សអាចបើកទីស្នាក់ការដែលជាសាខានៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ និងភូមិ ទូទាំងប្រទេសកម្ពុជា និងមានសាខានៅតាមប្រទេសនានាលើសកលលោក។

ជំពូកទី ២ ៖ ទស្សនវិស័យ បេសកកម្ម គោលនយោបាយ និងគោលការណ៍គ្រឹះ

ប្រការ ៦ ថ្មី.-(១)
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់ ស្តីពីគណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា គោរពគោលការណ៍នៃលទ្ធិប្រជាធិប តេយ្យ សេរីពហុបក្ស។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អាចធ្វើសម័្ពន្ធភាពទ្វេភាគី ឬពហុភាគីបាន។

ប្រការ ៧.-
ទស្សនវិស័យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានគឺ “ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យពេញលេញ”។

ប្រការ ៨ .-
បេសកកម្មរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានគឺ “បណ្តុះអ្នកដឹកនាំល្អ និងកសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យទូទាំងប្រទេស”។

ប្រការ ៩ .-
គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានគោលនយោបាយដូចតទៅ ៖

  1. គោរព និងលើកកម្ពស់សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
  2. ប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរី ដោយយកចិត្តទុកដាក់គាំទ្រសហគ្រាស ខ្នាតតូច និងមធ្យម
  3. វិមជ្ឈការអំណាច និងធនធានដល់ថ្នាក់ក្រោមជាតិ
  4. ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អពីថ្នាក់ក្រោមជាតិដល់ថ្នាក់ជាតិ
  5. ការពារបូរណភាពដែនដី និងអធិបតេយ្យភាពរបស់កម្ពុជា
  6. អភិរក្ស ការពារ និងស្តារធនធានធម្មជាតិ
  7. ពង្រឹង និងពង្រីកតួនាទីអង្គការសង្គមស៊ីវិល ក្នុងការឃ្លាំមើលសិទ្ធិមនុស្ស តស៊ូមតិ និងជួយផ្តល់សេវាសង្គម
  8. អភិវឌ្ឍធនធានមនុស្សតាមរយៈវិស័យអប់រំ សុខាភិបាល និងបណ្តុះបណ្តាល ជំនាញ។

ប្រការ ១០.-
គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានគោលការណ៍គ្រឹះដូចតទៅ ៖

  1. ស្ម័គ្រចិត្ត និងបើកចំហក្នុងការចូលជាសមាជិកភាព
  2. សមាជិកាធិបតេយ្យ (ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស)
  3. ប្រជាធិបតេយ្យបែបវិមជ្ឈការ
  4. អ្នកដឹកនាំខាងលើដើរតួនាទីជាអ្នកសម្របសម្រួល និងពង្រឹងសមត្ថភាពសមាជិក និងប្រជាពលរដ្ឋទូទៅ
  5. ភាពជាម្ចាស់ ជាពិសេសស្វ័យភាពហិរញ្ញវត្ថុ
  6. ផ្តល់ឱកាសស្មើគ្នាចំពោះបុរស ស្រ្តី និងយុវជន ក្នុងរចនាសម្ព័ន្ធដឹកនាំ និងការសម្រេចចិត្តផ្សេងៗ។
ជំពូកទី ៣ ៖ សមាជិកភាព

ប្រការ ១១ .-
ពលរដ្ឋកម្ពុជាទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅអាចចូលជាសមាជិក គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន។ បែបបទនៃការសុំចូលជាសមាជិក មានចែងក្នុង បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។

ប្រការ ១២ .-
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អនុវត្តតាមគោលការណ៍សមាជិកាធិបតេយ្យ មានន័យថា យកសមាជិកជាធំ។ ភាពរឹងមាំ និងរីកចម្រើនរបស់គណបក្ស អាស្រ័យលើការចូលរួមរបស់សមាជិក ក្នុងការពង្រឹង និងពង្រីកគណបក្ស។

ប្រការ ១៣ .-
សមាជិករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានពីរប្រភេទ ៖
– សមាជិកជំហរ
– សមាជិកគាំទ្រ
សមាជិកទាំងអស់ត្រូវគោរព និងដើរតាមគោលការណ៍រួមរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ប្រការ ១៤ .-
សមាជិកជំហរចូលរួមប្រជុំ និងចូលរួមសកម្មភាពរបស់គណបក្សដោយទៀងទាត់ និងមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។

ប្រការ ១៥ .-
សមាជិកគាំទ្រចូលរួមប្រជុំ និងចូលរួមសកម្មភាពរបស់គណបក្សខ្លះៗ និងមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។

ប្រការ ១៦ .-
សមាជិកគណបក្សអាចបាត់បង់សមាជិកភាពរបស់ខ្លួនដោយ ៖
– មរណភាព
– ការសុំលាលែងជាលាយលក្ខណ៍អក្សរ ដាក់ជូនប្រធានគណៈកម្មាធិការឃុំ-សង្កាត់ ឬអគ្គលេខាធិការដ្ឋាន
– ការបញ្ចប់សមាជិកភាពពីគណបក្ស។

ជំពូកទី ៤ ៖ ទស្សនវិស័យសិទ្ធិ និង កាតព្វកិច្ច របស់សមាជិក

ប្រការ ១៧ .-
សមាជិកជំហររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានសិទ្ធិដូចតទៅ ៖

  • បោះឆ្នោតជ្រើសរើសតំណាងគ្រប់លំដាប់ថ្នាក់ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​គណបក្ស
  • ឈរឈ្មោះ​ឱ្យគេបោះ​ឆ្នោត​ជាតំណាង​គ្រប់​លំដាប់​ថ្នាក់ ​ក្នុង​រចនា​សម្ព័ន្ធ​ដឹកនាំគណបក្ស
  • ចូលរួម​ក្នុង​ការសម្រេច​ចិត្ត​ផ្សេងៗ​របស់​គណបក្ស
  • ចូលរួម​តាម​ដាន បញ្ចេញ​មតិ​យោបល់ និងវាយ​តម្លៃ​ការងារ​របស់​គណបក្ស។

សមាជិក​ជំហរ​របស់​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​កាតព្វ​កិច្ច​ដូច​តទៅ ៖

  • ឆ្នោតជ្រើសរើសតំណាងគ្រប់លំដាប់ថ្នាក់ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​គណបក្ស
  • យល់​ដឹង និងផ្សព្វផ្សាយ​គោល​ការណ៍ គបម និង​ជួយ​ស្វែង​រក​សមាជិក​បន្ថែម
  • បង់​ប្រាក់​សមាជិក​ភាព គបម ទៀងទាត់
  • ចូល​រួម​ប្រជុំ និង​សកម្មភាព​ផ្សេងៗ​របស់ គបម ដោយ​ទៀងទាត់។

ប្រការ ១៨ .
សមាជិកគាំទ្ររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានកាតព្វកិច្ចដូចតទៅ ៖

  • បោះឆ្នោត​ជ្រើស​រើស​តំណាង​​គ្រប់​លំដាប់​ថ្នាក់​ក្នុង​រចនា​សម្ព័ន្ធ​ដឹកនាំគណបក្ស​
  • ទទួល​ព័ត៌មានផ្សេងៗ និងផ្តល់យោបល់
  • ចូលរួម​ក្នុងការ​សម្រេច​ចិត្តផ្សេងៗ​របស់​គណបក្ស​នៅមូលដ្ឋាន
  • អាច​ចូលរួម​តាមដាន​ដំណើរ​ការ​របស់​គណបក្ស។

សមាជិក​គាំទ្ររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានកាតព្វកិច្ចដូចតទៅ ៖

  • យល់ដឹង និងផ្សព្វផ្សាយគោលការណ៍គណបក្ស
  • បង់ប្រាក់សមាជិកភាពគណបក្សទៀងទាត់
  • ចូលរួមប្រជុំ និងចូលរួមសកម្មភាពរបស់គណបក្សខ្លះៗ។

ប្រការ ១៩ .-
សិទ្ធិរបស់សមាជិកជំហរ ឬសមាជិកគាំទ្រអាចត្រូវបានដកចេញ ក្នុងករណីសមាជិកណាម្នាក់មិនបានបំពេញកាតព្វកិច្ចបានត្រឹមត្រូវ។ ការដកសិទ្ធិរបស់សមាជិកមានចែងក្នុង បទបញ្ជាផ្ទៃក្នុង។

ប្រការ ២០ .-
សមាជិកណាម្នាក់ អាចនឹងត្រូវបាត់សមាជិកភាព ក្នុងករណីរំលោភធ្ងន់ធ្ងរដល់គោលការណ៍រួមរបស់គណបក្ស។ នីតិវិធីនៃការបញ្ចប់សមាជិកភាពមានចែងក្នុងបទបញ្ជាផ្ទៃក្នុង។

ជំពូកទី ៥ ៖ រចនា​សម្ព័ន្ធ​ដឹកនាំ​

ប្រការ ២១ .
ក.គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ដូច​តទៅ ៖

  • ក.១.ថ្នាក់ជាតិ
    • សមាជជាតិ
    • គណៈកម្មាធិការនាយក
    • ប្រធានគណបក្ស ជាប្រធានគណៈកម្មាធិការប្រតិបត្តិ
    • គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ
    • គណៈកម្មាធិការសម្របសម្រួល
  • ក.២.ថ្នាក់ក្រោមជាតិ
    • សមាជថ្នាក់ក្រោមជាតិ
    • គណៈកមា្មធិការប្រតិបត្តិថ្នាក់ក្រោមជាតិ
    • គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ថ្នាក់រាជធានី ខេត្ត។

ខ.ចំនួនសមាជិក​ចាំបាច់ “កូរ៉ុម” នៃការ​រៀបចំ​សមាជ និង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​នានា និង​ការធ្វើ​សេចក្ដី​សម្រេច ៖

  • ខ.១.ការរៀប​ចំសមាជ​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ អាច​ប្រព្រឹត្ត​ទៅ​បាន​លុះ​​ណា​​មាន​ចំនួនសមាជិក​ចាំបាច់ “កូរ៉ុម” ចូលរួម​យ៉ាង​តិច ២/៣ (ពីរភាគបី) នៃ​សមាជិក​ប្រតិភូ​ទាំង​អស់។ ការ​ធ្វើសេចក្ដី​សម្រេច​ក្នុង​សមាជ​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ឈរ​លើ​គោលការណ៍​យល់ស្រប​នៃ​សំឡេង​លើស​​ពី ៥០% (ហាសិប​ភាគរយ) នៃ​សមាជិក​វត្តមាន​ដែល​មាន​សិទ្ធិបោះឆ្នោត។
  • ខ.២. ការ​រៀបចំ​កិច្ចប្រជុំគណៈកម្មាធិកា​រនានា អាច​ប្រព្រឹត្ត​ទៅបាន​លុះណា​​មាន​​ចំនួនសមាជិក​ចាំបាច់​ “កូរ៉ុម” ចូលរួម​យ៉ាង​តិច ៥០% (ហាសិប​ភាគរយ) នៃ​សមាជិក​ទាំង​អស់។ ការ​ធ្វើ​សេចក្ដី​សម្រេច​ក្នុង​កិច្ច​ប្រជុំ​​គណៈកម្មា​ធិការ​នានា ឈរ​លើគោលការណ៍យល់​ស្រប​នៃ​សំឡេង​​លើស​ពី ៥០% (ហាសិបភាគរយ) នៃ​សមាជិក​វត្តមាន។

ផ្នែកទី១

សមាជជាតិ

ប្រការ ២២ ថ្មី.(១)
សមាជជាតិ​ជា​អង្គការ​កំពូល​របស់​គណបក្ស។ សមាជ​ជាតិ​មាន​តួនាទី​ និង​ភារកិច្ច​ដូចតទៅ ៖

  • អនុម័ត​លើ​លក្ខន្តិកៈ​គណបក្ស ឬ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស
  • កំណត់​ទិសដៅ ​និង​គោលនយោបាយ​របស់​គណបក្ស
  • បោះ​ឆ្នោត​ជ្រើស​រើស ប្រធាន​គណៈកម្មាធិការ​នាយក ប្រធាន​គណបក្ស ប្រធាន​គណៈ​កម្មា​ធិការ​ដោះស្រាយ​វិវាទ និង​វិន័យ និងបេក្ខជន​នាយក​រដ្ឋ​មន្រ្តី
  • ផ្តល់សេចក្តីទុកចិត្តទទួលស្គាល់គណៈកម្មាធិការនាយក។

សមាជជាតិមានសមាជិកប្រតិភូចូលរួមយ៉ាងតិចចំនួន១០០នាក់។ សមាជជាតិអាចប្រព្រឹត្តទៅបានលុះណាមានចំនួនសមាជិកចាំបាច់ (កូរ៉ុម) ចូលរួមយ៉ាងតិច ២/៣ (ពីរភាគបី) នៃសមាជិកប្រតិភូទាំអស់។

ប្រការ ២៣ ថ្មី.
សមាជ​ជាតិ​មាន​ពីរ​ប្រភេទ​គឺ សមាជ​សាមញ្ញ និង​សមាជ​វិសាមញ្ញ។

  • សមាជ​សាមញ្ញ​នឹង​ប្រព្រឹត្ត​ឡើង​ជាទៀងទាត់ក្នុងរយៈពេល ៥ឆ្នាំម្តង។ កាល​​បរិច្ឆេទ និងទីកន្លែងនៃសមាជនឹងកំណត់ដោយគណៈកម្មាធិការប្រតិបត្តិ។
  • សមាជ​វិសាមញ្ញ​នឹង​ប្រព្រឹត្ត​ឡើង​អាស្រ័យ​លើការ​ស្នើ​សុំពី​គណៈកម្មា​ធិការប្រតិបត្តិ និងមាន​ការ​យល់​ព្រម​ពីគណៈកម្មា​ធិការ​នាយក​។

ដោយ​មាន​ការយល់​ព្រម​ពីគណៈ​កម្មាធិការ​នាយក គណៈកម្មា​ធិការ​ប្រតិបត្តិ​មាន​ភារកិច្ចកោះ​ប្រជុំ និង​រៀបចំ​សមាជ​សាមញ្ញ និង​វិសាមញ្ញ។

ផ្នែកទី២

គណៈកម្មាធិការនាយក

ប្រការ ២៤ ថ្មី.(១)
គណៈកម្មា​ធិការនាយក  ដែល​ជាអង្គការ​កំពូល​ទីពីរ​របស់​គណបក្ស​បន្ទាប់​ពីសមាជ​ថ្នាក់​ជាតិ ដើរ​តួ​នាទី​ជាស្ថាប័ន​នីតិប្បញ្ញត្តិ​របស់គណបក្ស។ គណៈកម្មាធិការ​នាយក​ដឹកនាំដោយ​ប្រធាន ១រូប និងអនុប្រធាន ១ ទៅ ៣រូប។ ​គណៈ​កម្មាធិការ​នាយក មានសមាជិកចំនួន យ៉ាងតិច២៥ ​រូប។

នីតិវិធីក្នុងការ​ជ្រើសរើស​ និងផ្លាស់​ប្តូរសមាជិក​គណៈ​កម្មាធិការ​នាយក​មាន​​ចែង​​ក្នុង​បទ​បញ្ជា​ផ្ទៃក្នុង។ កូតា​ស្រ្តី និង​យុវជន​មាន​ចែង​ក្នុង​គោល​នយោបាយ និងផែនការ​របស់​គណបក្ស។

ប្រការ ២៥ ថ្មី.
គណៈ​កម្មាធិការ​នាយក​មានតួនាទី និង​ភារកិច្ច ដូចតទៅ ៖

  1. អនុម័តផ្ដល់សេចក្ដីទុកចិត្តដល់សមាសភាពសមាជិកគណៈកម្មាធិការនាយក សមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិ និងសមាសភាពសមាជិក         គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ
  2. ​ត្រួតពិនិត្យលើការងាររបស់​គណៈ​កម្មាធិការ​ប្រតិបត្តិ
  3. ត្រួត​ពិនិត្យ និងអនុម័ត​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​ យុទ្ធសាស្ត្រ​ និងផែនការ​​ចលនា​ធនធាន​របស់​គណបក្ស
  4. អនុម័ត​បទបញ្ជាផ្ទៃក្នុង គោលការណ៍​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​គោលការណ៍​ប្រតិបត្តិ​ផ្សេងៗរបស់​គណបក្ស
  5. សម្រេច​លើ​ការ​បង្កើត​អនុគណៈ​កម្មាធិការ និង​រចនា​សម្ព័ន្ធ​ដឹកនាំ​ការងារ​    ផ្សេងៗ ឬ​អង្គការ​សមមូល​នានា​របស់​គណបក្ស
  6. អនុម័ត​គោល​នយោបាយ និង​កម្ម​វិធី​នយោបាយ​ជាតិ​សំខាន់ៗ​របស់​គណបក្ស
  7. ជ្រើស​រើស​បេក្ខជន​ប្រធាន​គណបក្ស បេក្ខជន​ប្រធាន​គណៈ​កម្មាធិការ​នាយក បេក្ខជន​​​ប្រធាន​​គណៈ​កម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ និងបេក្ខជន​នាយករដ្ឋមន្រ្តី។

ប្រការ ២៦ ថ្មី .
គណៈ​កម្មាធិការ​នាយកមាន​អាណត្តិ ៥ឆ្នាំ។ គណៈ​កម្មាធិការ​នាយក​ចាស់​នឹងអស់សុពលភាព​នៅ​ពេល​មាន​គណៈកម្មាធិការ​នាយកថ្មីចូលកាន់តំណែង។​

ផ្នែកទី៣

គណៈកម្មាធិការប្រតិបត្តិ

ប្រការ ២៧ ថ្មី.(១)
គណៈ​កម្មាធិការ​ប្រតិបត្តិជា​ស្ថាប័ន​ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​របស់​គណបក្ស។ គណៈកម្មា​ធិការប្រតិបត្តិ​មាន​សមាស​ភាពប្រធាន ១រូប អនុប្រធាន ១ ទៅ ៣រូប អគ្គលេខា​ធិការ ១រូប អគ្គ​ហេរញ្ញិក ១រូប តំណាង​យុវជន ២រូប (ស្រី ១រូប និងបុរស ១រូប) តំណាងស្រ្តី ១រូប និង​អ្នកនាំពាក្សគណបក្ស ១រូប។

ប្រការ ២៨ ថ្មី .
គណៈកម្មាធិការប្រតិបត្តិមានសមាសភាពដូចតទៅ ៖

  1. ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិជា​ប្រធាន​គណបក្ស ​ដែល​ជ្រើសតាំង​ដោយសមាជជាតិ
  2. អនុ​ប្រធានគណៈ​កម្មាធិការ​ប្រតិបត្តិជា​អនុ​ប្រធាន​គណបក្ស​ ​ដែល​អនុម័តផ្ដល់សេចក្ដីទុកចិត្តដោយ​គណៈ​កម្មាធិការ​នាយក តាមការស្នើសុំពីប្រធានគណបក្ស
  3. អគ្គលេខាធិការ​គណបក្សជា​សមាជិក​គណៈ​កម្មាធិការ​ប្រតិបត្តិ ដែលអនុម័តផ្ដល់សេចក្ដីទុកចិត្ត​​ដោយ​គណៈកម្មាធិការ​នាយក តាមការស្នើសុំពីប្រធាន   គណបក្ស
  4. អគ្គ​ហេរញ្ញិក​គណបក្សជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ ដែល​អនុម័តផ្ដល់សេចក្ដីទុកចិត្តដោយ​គណៈកម្មាធិការ​នាយក តាមការស្នើសុំពីប្រធានគណបក្ស
  5. អ្នកនាំពាក្ស​គណបក្ស​ជា​សមាជិក​គណៈកម្មា​ធិការ​ប្រតិបត្តិ ដែល​អនុម័តផ្ដល់សេចក្ដីទុកចិត្ត​ដោយ​គណៈកម្មា​ធិការ​នាយក តាមការស្នើសុំពីប្រធានគណបក្ស
  6. តំណាង​​ស្រ្តី​ជា​សមាជិក​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​ ដែលអនុម័តផ្ដល់សេចក្ដីទុកចិត្ត​ដោយ​គណៈ​កម្មាធិការ​នាយក​ តាម​ការ​ស្នើ​សុំ​ពី​ក្រុមស្រ្តី គបម
  7. តំណាងយុវជនជាសមាជិក​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​ ដែលអនុម័តផ្ដល់សេចក្ដីទុកចិត្ត ដោយ​គណៈ​កម្មាធិការ​នាយក​ តាមការ​ស្នើសុំពី​ក្រុមយុវជន គបម។

ប្រការ ២៩ ថ្មី.
គណៈ​កម្មាធិការ​ប្រតិបត្តិ​​មាន​តួនាទី និង​ភារកិច្ច​ដូចតទៅ ៖

  1. ត្រួតពិនិត្យវាយតម្លៃ​​ការងារ​របស់​អគ្គ​លេខាធិការ​ដ្ឋាន
  2. រៀបចំ​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ ប្រចាំត្រី​មាស ប្រចាំ​ខែ​ យុទ្ធសាស្រ្ត និង​ផែនការ​សកម្មភាព​ចលនា​ធនធានរបស់គណបក្ស
  3. រៀបចំ​សេចក្តី​ព្រាង​គោលការណ៍​គ្រប់​គ្រង​ផ្សេងៗ​របស់​គណបក្ស
  4. សម្រប​សម្រួល​ទំនាក់​ទំនង​ជាមួយ​នឹងស្ថាប័ន​ពាក់ព័ន្ធ
  5. រៀបចំ​ចាត់ចែង​រចនាសម្ព័ន្ធ​ការងារ​របស់​អគ្គលេខាធិការ​ដ្ឋាន
  6. រៀបចំ​កម្មវិធី​បណ្តុះ​បណ្តាល ផ្សព្វផ្សាយ និង​ទំនាក់​ទំនង​សាធារណៈ​ ឱ្យស្រប​នឹងបេសកកម្ម​របស់​គណបក្ស
  7. ធានា​ឱ្យ​ដំណើរ​ការបោះឆ្នោត និង​ជ្រើសរើស​បេក្ខជន​ថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិ​មាន​តម្លាភាព​ និងយុត្តិធម៌
  8. រៀបចំ សម្របសម្រួល និងគាំទ្រ​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្នាក់​ក្រោម​ជាតិ ​ក្នុងការ​បំពេញ​បេសកកម្ម​គណបក្ស
  9. ធានា​ការស្វែង​រកធនធាន និង​ការ​ប្រើប្រាស់​ធនធាន​របស់​គណបក្ស​ ឱ្យ​មាន​ការទទួល​ខុស​ត្រូវ​ខ្ពស់​ និង​តម្លាភាព
  10. អនុម័ត​ផ្ដល់សេចក្ដីទុកចិត្ត ​តួនាទី​អគ្គលេខាធិការ​រង ​អគ្គហេរញ្ញិក​រង និងអង្គភាពអ្នកនាំពាក្យតាម​ការ​ស្នើសុំពី​អគ្គលេខា​ធិការ អគ្គហេរញ្ញិក និងអ្នកនាំពាក្យ។

ប្រការ ៣០ ថ្មី .
គ​ណៈកម្មា​ធិការ​ប្រតិបត្តិ មាន​អាណត្តិ ៥ឆ្នាំ។ គណៈ​កម្មាធិការ​ប្រតិបត្តិ​ចាស់​ នឹង​អស់​សុពល​ភាព​នៅពេល​គណៈ​កម្មាធិការ​ប្រតិបត្តិថ្មី​ចូល​កាន់​តំណែង។

ប្រការ ៣១ ថ្មី .
តួនាទី ​និងភារ​កិច្ចរ​បស់ប្រធាន​គណៈ​កម្មា​ធិការ​ប្រតិបត្តិ អនុ​ប្រធាន អគ្គ​លេខា​ធិការ អគ្គហេរញ្ញិក និងអ្នកនាំពាក្យ មានចែ​ងក្នុង​បទបញ្ជា​ផ្ទៃក្នុង។​

ផ្នែកទី៤

គណៈកម្មាធិការវិន័យ

ប្រការ ៣២ ថ្មី.(១)
គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យដើរតួនាទីជាស្ថាប័នតុលាការនៅក្នុង គណបក្ស។ គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យមានសមាសភាព ប្រធាន ១រូប អនុប្រធាន ១ ទៅ ៣រូប សមាជិក ៤រូប និងលេខាធិការ ១រូប។

ប្រការ ៣៣ ថ្មី .
គណៈ​កម្មាធិការ​ដោះ​ស្រាយ​វិវាទ និង​វិន័យ មាន​សមាសភាព​ដូច​តទៅ ៖

  1. ប្រធានគណៈ​កម្មាធិការ​ដោះ​ស្រាយ​វិវាទ និង​វិន័យ ​ត្រូវ​ជ្រើសតាំង​ដោយ​សមាជ​ជាតិ
  2. អនុ​ប្រធាន​គណៈ​កម្មាធិការ​ដោះ​ស្រាយ​វិវាទ និង​វិន័យ ត្រូវអនុម័តផ្ដល់សេចក្ដីទុកចិត្ត​ដោយ​គណៈ​កម្មាធិការ​នាយក តាម​ការ​ស្នើ​សុំ​ ១រូប​ពី​ប្រធាន​គណៈ​កម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ  ១រូប​ពី​ប្រធាន​គណៈ​កម្មាធិការ​នាយក និង ១រូប​ទៀត  ​ពី​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ។ អនុប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ​មាន​អាណត្តិ ៥ឆ្នាំ។
  3. សមាជិក ៤រូប ត្រូវអនុម័តផ្ដល់សេចក្ដីទុកចិត្ត​​ដោយ​គណៈ​កម្មាធិការ​នាយក តាម​ការ​ស្នើ​សុំ​របស់​ប្រធានគណៈ​កម្មាធិការ​ដោះស្រាយវិវាទ និងវិន័យ ​​ហើយ​ដែល​មាន​អាណត្តិ ៥ឆ្នាំ
  4. លេខាធិការ​ ១​រូប ត្រូវជ្រើសតាំងដោយ​​ប្រធានគណៈ​កម្មាធិការ​ដោះស្រាយវិវាទ និងវិន័យ។

ប្រការ ៣៤ .
តួនាទី ​និងភារកិច្ច​របស់​គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យមានដូចតទៅ ៖

  1. ទទួលពាក្យបណ្តឹងផ្សេងៗ និងចាត់ចែងដំណោះស្រាយឱ្យបានសមស្រប តាមករណីនីមួយៗ
  2. ធ្វើការស៊ើបអង្កេតនូវករណីពាក្យបណ្តឹង ឬវិវាទដែលត្រូវដោះស្រាយ
  3. ធ្វើការសម្រេចវិនិច្ឆ័យលើពាក្យបណ្តឹង ឬវិវាទ រួមទាំងការដាក់ពិន័យ ស្របនឹងអង្គហេតុ និងគោលការណ៍រួមរបស់គណបក្ស។

ប្រការ ៣៥ ថ្មី .
គគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យមានអាណត្តិ ៥ឆ្នាំ។ គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យចាស់នឹងអស់សុពលភាព នៅពេលមានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យថ្មីចូលកាន់តំណែង។

គណៈ​កម្មាធិការ​ដោះស្រាយ​វិវាទ ​និង​វិន័យមាន​សិទ្ធិ​ស្នើ​សុំ​ដល់​យន្តការ​ជ្រើស​តាំង          ​តួនាទីក្នុង​រចនា​សម្ព័ន្ធ​ដឹកនាំ​គណបក្ស ឱ្យ​ដក​ហូត​តួនាទី​ណាមួយ ​នៅ​ក្នុង​រចនា​សម្ព័ន្ធ​ដឹកនាំ​ពី​សមាជិកណា​ម្នាក់ ក្នុង​ករណី​រក​ឃើញ​ថា​សមាជិក​នោះ​មាន​កំហុស​ធ្ងន់ធ្ងរ។

ប្រការ ៣៦ ថ្មី .
​ការហាមឃាត់ញាតិលោហិត និងញាតិពន្ធទី១ ក្នុងសមាសភាពរចនាសម្ព័ន្ធដឹកនាំគណបក្សមានចែងក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស។

ប្រការ ៣៧ ថ្មី .-
ប្រធានគណៈកម្មាធិការនាយក ប្រធានគណៈកម្មាធិការប្រតិបត្តិ និងប្រធានគណៈ កម្មាធិការដោះស្រាយវិវាទ និងវិន័យ មានអាណត្តិ ៥ឆ្នាំ។ ប្រធានគណៈកម្មាធិការនាយក ប្រធានគណៈកម្មាធិការប្រតិបត្តិ និងប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ អាចកាន់តួនាទីត្រឹម ២អាណត្តិ។ តួនាទីដឹកនាំផ្សេងៗទៀត នៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់គណបក្ស ត្រូវបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរក្រោយការដឹកនាំបាន ២អាណត្តិ។ សមាជិកដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធដឹកនាំ នឹងអាចត្រូវបានដកចេញពីតួនាទីតាមយន្តការជ្រើសតាំង ក្នុងចន្លោះអាណត្តិក្នុងករណីចាំបាច់។

ផ្នែកទី៥

គណៈកម្មាធិការសម្របសម្រួល

ប្រការ ៣៨
គណៈកម្មាធិការសម្របសម្រួលមានតួនាទី និងភារកិច្ចសម្របសម្រួលការងាររវាង គណៈកម្មាធិការនាយក គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការដោះស្រាយវិវាទ និង វិន័យ ពិគ្រោះយោបល់លើបញ្ហាសំខាន់ៗ និងបន្ទាន់ និងតម្រង់ទិសដៅជាយុទ្ធសាស្រ្តរបស់គណបក្ស។

ប្រការ ៣៩ ថ្មី .
គណៈកម្មាធិការសម្របសម្រួលមានសមាសភាពដូចតទៅ ៖

  1. ប្រធានគណៈកម្មាធិការនាយក ជាប្រធានគណៈកម្មាធិការ​សម្របសម្រួល
  2. ប្រធានគណៈកម្មាធិការប្រតិបត្តិ ជាអនុប្រធាន​គណៈកម្មាធិការ​សម្របសម្រួល
  3. ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ជាអនុប្រធាន​គណៈកម្មា    ធិការសម្របសម្រួល
  4. អនុប្រធានគណៈកម្មាធិការប្រតិបត្តិ ជាសមាជិក
  5. អនុប្រធានគណៈកម្មាធិការនាយក ជាសមាជិក
  6. អនុប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ជាសមាជិក និង
  7. អគ្គលេខាធិការ ជាសមាជិក។

ប្រការ ៤០ ថ្មី .
គណៈកម្មាធិការសម្របសម្រួលមានដំណើរការដូចតទៅ ៖

  1. គណៈកម្មាធិការសម្របសម្រួលត្រូវរៀបចំកិច្ចប្រជុំតាមការចាំបាច់។
  2. កូរ៉ុមប្រជុំរបស់គណៈកម្មាធិការសម្របសម្រួល ដែលអាចធ្វើសេចក្តីសម្រេចចិត្តបានត្រូវមានវត្តមានសមាជិកលើសពី ៥០% (ហាសិបភាគរយ)។ សេចក្តីសម្រេចចិត្តក្នុងអង្គប្រជុំឈរលើគោលការណ៍យល់ស្របនៃសំឡេងលើសពី៥០% (ហាសិបភាគរយ) របស់សមាជិកមានវត្តមាន។
  3. ប្រធានគណៈកម្មាធិការសម្របសម្រួលជាអ្នកសម្របសម្រួលអង្គប្រជុំ។ ប្រធានអាចប្រគល់តួនាទីសម្របសម្រួលឱ្យអនុប្រធាន។

ផ្នែកទី៦

សមាជថ្នាក់ក្រោមជាតិ គណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យថ្នាក់រាជធានី-ខេត្ត

ប្រការ ៤១
ថ្នាក់ក្រោមជាតិមានសមាជថ្នាក់រាជធានី-ខេត្ត និងឃុំ-សង្កាត់។ សមាជថ្នាក់រាជធានី-ខេត្ត មានតួនាទីនិងភារកិច្ចដូចតទៅ ៖

  • ​កំណត់ទិសដៅ និងគោលនយោបាយអភិវឌ្ឍរាជធានី-ខេត្ត សាមី
  • បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការប្រតិបត្តិ និងប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ថ្នាក់រាជធានី-ខេត្ត
  • បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិថ្នាក់រាជធានី-ខេត្ត និង      ផ្តល់​សេចក្តីទុកចិត្តដល់គណៈកម្មាធិការប្រតិបត្តិថ្នាក់រាជធានី-ខេត្ត

សមាជថ្នាក់ឃុំ-សង្កាត់ មានតួនាទីនិងភារកិច្ចដូចតទៅ ៖

  • កំណត់ទិសដៅ និងគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ សាមី
  • បោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកគណៈកម្មាធិការប្រតិបត្តិឃុំ-សង្កាត់ និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់
  • ផ្តល់សេចក្តីទុកចិត្តដល់គណៈកម្មាធិការប្រតិបត្តិថ្នាក់ឃុំ-សង្កាត់។

សេចក្តីសម្រេចរបស់សមាជថ្នាក់ក្រោមជាតិ ត្រូវអនុម័តដោយសំឡេងភាគច្រើនដាច់ខាតច្រើនជាង ៥០% (ហាសិបភាគរយ) នៃសមាជិកវត្តមានដែលមានសិទ្ធិបោះឆ្នោត។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់សមាជថ្នាក់ក្រោមជាតិ និងនីតិវិធីនៃការបោះឆ្នោត និងផ្តល់សេចក្តីទុកចិត្ត តួនាទីនិងភារកិច្ច និងដំណើរការរបស់គណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យថ្នាក់រាជធានី-ខេត្ត មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស។

ប្រការ ៤២ ថ្មី .-

សមាជថ្នាក់ក្រោមជាតិមានពីរប្រភេទគឺ សមាជសាមញ្ញ និងសមាជវិសាមញ្ញ។

  • សមាជសាមញ្ញនឹងប្រព្រឹត្តឡើងជាទៀងទាត់ ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំម្តង។ កាលបរិច្ឆេទ និងទីកន្លែងនៃសមាជនឹងកំណត់ដោយគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ
  • សមាជវិសាមញ្ញនឹងប្រព្រឹត្តឡើងអាស្រ័យលើការរៀបចំរបស់គណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ

គណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ មានភារកិច្ចកោះប្រជុំ និងរៀបចំសមាជសាមញ្ញ និងវិសាមញ្ញថ្នាក់ក្រោមជាតិ។

ប្រការ ៤៣ ថ្មី .
ក្នុងករណីសមាជថ្នាក់​ក្រោមជាតិ​ មិនទាន់​អាចរៀប​ចំបាន គណៈកម្មាធិការ​ប្រតិបត្តិ មានសិទ្ធិជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្នថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារនៅក្នុងអន្តរកាល។ គណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ននឹងអស់សុពលភាព នៅពេលមានគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ ដែលបោះឆ្នោតដោយសមាជថ្នាក់ក្រោមជាតិមកជំនួស។

ជំពូកទី ៦ ៖ ថវិកា និងទ្រព្យសម្បត្តិរបស់គណបក្ស​

ប្រការ ៤៤ .
ប្រភពថវិកា និងទ្រព្យសម្បត្តិរបស់គណបក្សបានមកពី ៖

  1. ភាគទានសមាជិកភាព
  2. ចំណូលពីការប្រាក់របស់ក្រុមសន្សំ និងការវិនិយោគស្របច្បាប់ផ្សេងៗរបស់គណបក្ស
  3. វិភាគទានស្ម័គ្រចិត្តរបស់សមាជិក និងអ្នកគាំទ្រ និង
  4. ចំណូលស្របច្បាប់ផ្សេងៗ។

ប្រការ ៤៥ .
គោលការណ៍គ្រប់គ្រងចំណូល-ចំណាយរបស់គណបក្សមានដូចតទៅ ៖

  1. តម្លាភាព និងគណនេយ្យភាព
  2. មានគម្រោងផែនការថវិកា និងខ្ទង់ចំណាយច្បាស់លាស់
  3. គោរពតាមគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុ

គោលការណ៍ចំណូល-ចំណាយលម្អិត មានចែងក្នុងគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុរបស់គណបក្ស។

ប្រការ ៤៦ .-
គណៈកម្មាធិការនាយកមានភារកិច្ចទទួលខុសត្រូវធានានូវតម្លាភាព និងគណនេយ្យភាព ក្នុងការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរបស់គណបក្ស ដោយតម្រូវឱ្យមានរបាយការណ៍ហិរញ្ញវត្ថុទៀងទាត់ និងការធ្វើសវនកម្មរៀងរាល់ឆ្នាំ។

ជំពូកទី ៧ ៖ វិសោធនកម្មលក្ខន្តិកៈ និងការរំលាយគណបក្ស​

ប្រការ ៤៧ .
សមាជជាតិគឺជាស្ថាប័នតែមួយគត់ ដែលមានសិទ្ធិធ្វើវិសោធនកម្មលក្ខន្តិកៈ ឬ រំលាយគណបក្ស។ ការកោះប្រជុំសមាជជាតិ ក្នុងគោលបំណងវិសោធនកម្មលក្ខន្តិកៈ ឬរំលាយគណបក្ស ត្រូវមានការយល់ព្រមពីគណៈកម្មាធិការនាយក ក្នុងសំឡេងឆ្នោតភាគច្រើន (២/៣) នៃសមាជិកគណៈកម្មាធិការនាយកទាំងអស់ ប្រធានគណបក្ស និងប្រធាន គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ។

ប្រការ ៤៨ .-
ករណីគណបក្សត្រូវរំលាយ ទ្រព្យសម្បត្តិទាំងអស់របស់គណបក្ស បន្ទាប់ពីមានការជម្រះបញ្ជីរួចរាល់ ត្រូវប្រគល់ជូនអង្គការមនុស្សធម៌នានា ដែលកំណត់ដោយសមាជចុងក្រោយរបស់គណបក្ស។

ជំពូកទី ៨ ៖ អន្តរប្បញ្ញត្តិ​

ប្រការ ៤៩ .
អន្តរប្បញ្ញត្តិ គឺជាប្បញ្ញត្តិសម្រាប់អនុវត្តក្នុងអន្តរកាល។ អន្តរកាល គឺដំណាក់កាលនៃការរៀបចំសម្រាប់អាណត្តិទី១របស់គណបក្ស។

ប្រការ ៥០ .-
សមាជជាតិលើកទី១របស់គណបក្សមានភារកិច្ចដូចតទៅ ៖

  1. អនុម័តលើលក្ខន្តិកៈគណបក្ស ទិសដៅ និងគោលនយោបាយសំខាន់ៗ តាម រយៈការបោះឆ្នោតដោយលើកដៃ ដោយសំឡេងភាគច្រើនដាច់ខាតលើសពី ៥០% (ហាសិបភាគរយ) នៃសមាជិកចូលរួម តាមសំណើរបស់គណៈកម្មាធិការបណ្តោះអាសន្នគណបក្ស ដែលមានភារកិច្ចរៀបចំសមាជលើកទី១
  2. ផ្តល់សេចក្តីទុកចិត្តដល់គណៈកម្មាធិការនាយកទី១ តាមរយៈការបោះឆ្នោតដោយលើកដៃ ដោយសំឡេងភាគច្រើនដាច់ខាតលើសពី ៥០% (ហាសិបភាគរយ) នៃសមាជិកចូលរួម
  3. បោះឆ្នោតដោយតម្លាភាព យុត្តិធម៌ និងសម្ងាត់ ជ្រើសរើសប្រធានគណបក្ស ប្រធានគណៈកម្មាធិការនាយកទី១ ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ដោយសំឡេងភាគច្រើនដាច់ខាតលើសពី ៥០% (ហាសិបភាគរយ) នៃសមាជិកចូលរួម ក្នុងចំណោមបេក្ខជនដែលស្នើឡើងដោយ គណៈកម្មាធិការ បណ្តោះអាសន្ន។

ដំណើរការលម្អិតនៃសមាជជាតិលើកទី១មានចែងក្នុងបទបញ្ជាផ្ទៃក្នុង។

ប្រការ ៥១ .-
គណៈកម្មាធិការនាយកទី១មានសមាសភាពមកពី ៖

  1. ប្រតិភូតំណាងសមាជិកថ្នាក់រាជធានី-ខេត្ត ដែលមានឃុំ-សង្កាត់ ដែលបានរៀបចំសមាជឃុំ-សង្កាត់រួចហើយ ឬបានបំពេញការងារឈានទៅរៀបចំសមាជ       ឃុំ-សង្កាត់នៅក្នុងឆ្នាំ២០១៦ ដែលមានចំនួនសរុបពី១៣ ទៅ ១៥រូប
  2. ប្រតិភូតំណាងក្រុមយុវជន ៤រូប (ស្រ្តី ២រូប បុរស ២រូប)
  3. ប្រតិភូតំណាងក្រុមស្រ្តី ៣រូប
  4. ប្រតិភូតំណាងក្រុមប្រឹក្សាគោលនយោបាយ ក្រុមបញ្ញវន្ត និងព្រឹទ្ធាចារ្យពី    ៥ ទៅ ១៥រូប
  5. ក្រោយសមាជជាតិលើកទី១ គណៈកម្មាធិការនាយកទី១ អាចសម្រេចបន្ថែមសមាជិកជាប្រតិភូតំណាងមកពីថ្នាក់រាជធានី-ខេត្តផ្សេងទៀតបាន។

ដំណើការលម្អិតនៃការជ្រើសរើសសមាសភាពគណៈកម្មាធិការនាយកទី១ មានចែងក្នុងបទបញ្ជាផ្ទៃក្នុង។

ជំពូកទី ៩ ៖ អវសានប្បញ្ញត្តិ​

ប្រការ ៥២ .-
បទបញ្ជាផ្ទៃក្នុង គោលការណ៍គ្រប់គ្រង បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានារបស់ គណបក្សត្រូវស្របនឹងលក្ខន្តិកៈរបស់គណបក្សជាដាច់ខាត។

ប្រការ ៥៣ ថ្មី .- (១)
លក្ខន្តិកៈនេះត្រូវបានអនុម័តដោយគណៈកម្មាធិការបណ្តោះអាសន្ន របស់គណបក្ស ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
លក្ខន្តិកៈនេះត្រូវបានធ្វើវិសោធនកម្មទី១ និងអនុម័តដោយសមាជជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
លក្ខន្តិកៈនេះត្រូវបានធ្វើវិសោធនកម្មលើទី២ និងអនុម័តដោយសមាជជាតិ ថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២៥។

លក្ខន្តិកៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាដោយប្រធានគណបក្ស។