ខួបទី៩ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គឺជាខួប៩ឆ្នាំ នៃករណីឃាតកម្មនយោបាយមកលើ លោកបណ្ឌិត កែម ឡី ដែលជា «បិតាស្ថាបនិក» នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។ ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ គបម សូមចូលរួមជាមួយប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក រម្លឹកចំពោះ​ការបាត់បង់ដ៏សោកស្ដាយបំផុត និងសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត ដោយសេចក្ដី​អាឡោះ​អាល័យ​ជាទីបំផុត។

លោកបណ្ឌិតជាអ្នកវិភាគសង្គម និងនយោបាយដ៏ឆ្នើមមួយ​រូប ដែលបាននិយាយការពិត
ប្រាប់សាធារណជន ប្រកបដោយប្រាជ្ញាញាណ និងសេចក្តីក្លាហាន។ លោកបណ្ឌិត បានបំពេញការងារ ដោយគ្មានការនឿយណាយ ដើម្បីផ្តល់ជាចំណេះដឹងជូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។

រយៈពេល៩ឆ្នាំកន្លងមកនេះ គបម បានបន្តអនុវត្ត មរតកទស្សនៈរបស់លោកបណ្ឌិត កែម ឡី
ដោយផ្ដោតសំខាន់​លើការពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន យុត្តិធម៌សង្គម និង​ការលើកកម្ពស់​សិទ្ធិអំណាច​របស់ប្រជាពលរដ្ឋ។ យើងបានតស៊ូមតិតាមរយៈការចូលរួមបោះឆ្នោត, ការផ្សព្វផ្សាយតាម សហគមន៍ និងបណ្តាញសង្គម ព្រមទាំងតាមរយៈវេទិកា​សាធារណៈ​នានា។ យើងប្ដេជ្ញាចិត្តបន្តខិតខំ ធ្វើជាគណបក្សមួយ ដែលមានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស កាន់តែរឹងមាំឡើងៗ។

គបម នៅតែសូមទទូច ឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ តម្លាភាព និង​ពេញលេញចំពោះ ករណីឃាតកម្មនយោបាយលើលោកបណ្ឌិត កែម ឡី។ យើងកំពុងបន្តតាមដាន និងជំរុញឲ្យមាន​ដំណើរការស្វែងរកយុត្តិធម៌មួយ ដែលប្រព្រឹត្តទៅរហូតទាល់តែ ជនដៃដល់ អ្នកសមគំនិត និង​អ្នកបញ្ជា ពីក្រោយខ្នង ត្រូវបាន​នាំ​យកមកផ្តន្ទាទោស តាម​ច្បាប់ជាធរមាន។

គបម អំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបបន្ត​ស្មារតីស្នេហាជាតិរបស់លោកបណ្ឌិត កែម ឡី តាមរយៈការចូលរួមតាមដានកិច្ចការសង្គម, មានភាពក្លាហានក្នុងការ​បញ្ចេញមតិដើម្បីប្រយោជន៍រួម និងចូលរួម​តស៊ូ​ដោយមិនរួញរា​ ប្រឆាំង​នឹងអំពើអយុត្តិធម៌។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមប្រកាសជាផ្លូវការ ​ជ្រើសរើសយកថ្ងៃទី​១០ ខែកក្ដដា រៀងរាល់ឆ្នាំជា  «ទិវារំឭកគុណលោកបណ្ឌិត កែម ឡី» ដើម្បីចងចាំជានិច្ច ​​នូវគុណូបការៈដ៏ធំធេងដែល លោកបណ្ឌិត កែម ឡី បានផ្ដួចផ្ដើមគំនិត និងជ្រោមជ្រែងបង្កើត គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕