ក្តីបារម្ភចំពោះការអនុម័តវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

រដ្ឋសភាជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា​ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តី​ព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ​ (បើកផ្លូវឱ្យមានការដកសញ្ជាតិពីប្រជាពលរដ្ឋ​ខ្មែរ) ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ កាលពីថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥។​

សញ្ជាតិគឺជាអត្តសញ្ញាណជាតិ និងជាមូលដ្ឋានគ្រឹះនៃ សិទ្ធិទាំងអស់របស់ប្រជាពលរដ្ឋ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ ការធ្វើវិសោធនកម្មច្បាប់ដ៏រសើបនេះ អាចនឹងបង្កឱ្យមានអស្ថិរភាពសង្គម ប៉ះពាល់ឯកភាពជាតិ និងអនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រសិនបើវាមិនត្រូវបានធ្វើឡើងដោយការប្រុងប្រយ័ត្ន​ជាអតិបរមា និងមិនឆ្លុះបញ្ចាំងគោលការណ៍នីតិរដ្ឋ។

ការព្រួយបារម្ភសំខាន់ៗមួយចំនួនក្នុងច្បាប់ ដែលត្រូវបានធ្វើវិសោធនកម្មនេះ អាចមានដូចជា៖

  • ការប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់ និងអាចបកស្រាយហួសវិសាលភាពអនុវត្តន៍៖ បទប្បញ្ញត្តិនោះ​ចែងអំពី “ការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ” ឬ “កិត្តិយសជាតិ” គឺគ្មាននិយមន័យច្បាស់​លាស់ និងអាចក្លាយជាឧបករណ៍ក្នុងការដកសញ្ជាតិពីអ្នកនយោបាយមកពីគណបក្សក្រៅរដ្ឋាភិបាល សកម្ម​ជន​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋដែលហ៊ានសម្ដែង​មតិរិះគន់រដ្ឋាភិបាល។
  • ការបំពានអំណាចតុលាការ និងគោលការណ៍នីតិរដ្ឋ៖ ប្រសិនបើអំណាចក្នុងការសម្រេចដកសញ្ជាតិ ត្រូវបានប្រគល់ទៅស្ថាប័នប្រតិបត្តិ​ ដោយគ្មានដំណើរការតុលាការពេញលេញ និងយុត្តិធម៌ដោយ​តុលាការ នោះមានន័យថា សិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋស្ថិតក្រោមភាពមិនប្រក្រតីចំពោះអ្នកនយោបាយ ដែលផ្ទុយទៅនឹងគោលការណ៍នៃការបែងចែកអំណាច។
  • ការការរើសអើង និងបង្កើតការភ័យខ្លាច៖ ច្បាប់នេះអាចយកទៅអនុវត្តដោយការរើសអើងប្រឆាំងនឹងប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរ ឬអ្នករស់នៅបរទេស ដែលជាកម្លាំងសំខាន់ក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ វានឹងបង្កើតឱ្យមានបរិយាកាសនៃភាពភ័យរន្ធត់ និងបំបាក់ស្មារតីពលរដ្ឋក្នុងការចូលរួមជីវភាពនយោបាយដើម្បី​ជាតិ។
  • ហានិភ័យចំពោះការបង្កើតឱ្យមាន ប្រជាជនគ្មានប្រទេស៖ ការដកសញ្ជាតិដោយមិនបានពិចារណាឱ្យបានប្រុងប្រយ័ត្ន អាចធ្វើឱ្យបុគ្គលម្នាក់ក្លាយជាប្រជាជនគ្មានប្រទេស ដែលវាគឺជាការរំលោភលើច្បាប់អន្តរជាតិ ​និងធ្វើឱ្យបុគ្គលបាត់បង់សិទ្ធិមនុស្សជាមូលដ្ឋានទាំងអស់។

នៅក្នុងទិដ្ឋភាពនៃភាពធ្ងន់ធ្ងរនេះ មានការសំណូមពរយ៉ាងទទូច ទៅកាន់ តួអង្គខាងក្រោម

  • ចំពោះក្រុមប្រឹក្សាធម្មនុញ្ញ៖ សូមមេត្តាត្រួតពិនិត្យធម្មនុញ្ញភាព​នៃច្បាប់នេះដោយ​ហ្មត់ចត់បំផុត ដោយ​ធានាថា គ្រប់មាត្រាទាំងអស់ស្របរដ្ឋធម្មនុញ្ញ ជាពិសេសជំពូកទី៣ ស្តីពីសិទ្ធិនិងករណីយ​កិច្ច​របស់ប្រជាពលរដ្ឋខ្មែរ។
  • ចំពោះព្រះមហាក្សត្រ៖ ជាការធានាឯករាជ្យជាតិ និងការគោរពរដ្ឋធម្មនុញ្ញ សូមព្រះអង្គលោកបានចាត់ទុកវាយ៉ាងប្រុងប្រយ័ត្នបំផុត មុននឹងទ្រង់ឡាយព្រះហស្ដ​លេខា លើសេចក្តីប្រកាសឱ្យប្រើប្រាស់ច្បាប់នេះ។
  • ចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភា៖ សូមពិនិត្យឡើងវិញនូវខ្លឹមសារនៃច្បាប់នេះ ហើយបើកឱ្យមាន ការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយគ្រប់វិស័យ រួមទាំងគណបក្សក្រៅរដ្ឋាភិបាល អ្នកជំនាញច្បាប់ និងសង្គមស៊ីវិល ដើម្បីឱ្យច្បាប់នេះបម្រើផលប្រយោជន៍ជាតិពិតប្រាកដ។

អ្នកនយោបាយ និងពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែរក្សាជំហរ​គាំទ្រ ការពាររដ្ឋធម្មនុញ្ញ គោលការណ៍នីតិរដ្ឋ និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។ ការជឿជាក់ដ៏ត្រឹមត្រូវគឺ អំណាចស្ថិតស្ថេររបស់ជាតិ កើតចេញពីការគោរពសិទ្ធិ​ពលរដ្ឋ​ មិនមែនកើតពីការដកសិទ្ធិរបស់​ប្រជាពលរដ្ឋឡើយ៕